ឯកឧត្តម ផុស សុវណ្ណ ត្រូវបានជ្រើសរើសជាប្រធាននៃគណកម្មការវាយតម្លៃស្តីពី “ពានរង្វាន់ លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០” ។
លោកធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅប្រទេសកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលអ្នកសារព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំ Media Center សម្រាប់ព្រឹត្តិការណ៍ ធំៗដូចជា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ CLV, CLMV, World Economic Forum , ASIA Media Summit និងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀត ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នលោកគឺជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។
លោកបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជាវិញ តាមរយៈចូលរួមជាសមាជិក ក្រុមការងាររៀបចំផែនទីបង្ហាញទិស សម្រាប់ ប្តូរប្រព័ន្ធទូរទស្សន៍អាណាឡូក ទៅឌីជីថល ជាសមាជិកគណៈកម្មការ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៤ (AMRI) ឆ្នាំ២០១៨ នៅប្រទេសសិង្ហបូរី និងបានចូលរួម ពិនិត្យផ្តល់យោបល់លើសេចក្តីប្រកាសរួមរបស់ AMRI ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតផងដែរ។
សូមបញ្ជាក់ផងដែរថា គណៈកម្មាការទាំង៧រូប នៅក្នុងកម្មវីធី “ ពានរង្វាន់ លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ” មិនមែនមានតែ ឯកឧត្តម ផុស សុវណ្ណ ជាប្រធានប៉ុណ្ណោះទេ តែក៏នៅមានគណកម្មការវាយតម្លៃ ចំនួន៦រូបផ្សេងទៀតផងដែរ ក្នុងនោះរួមមាន៖
១. លោកជំទាវ ឆន ណាវី ទីប្រឹក្សាក្រសួង និងជាអគ្គនាយិការងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជាអនុប្រធាន
២.លោក គី សុខលីម ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ ជាអនុប្រធាន
៣.លោក លាង ដឺលុច នាយកប្រតិបត្តិក្លឹបអ្នកការសែតកម្ពុជា ជាសមាជិក
៤.លោក ព្រំ សិលា និពន្ធនាយកសារព័ត៌មាន TNAOT APP ជាសមាជិក
៥.លោកងួន ច័ន្ទមុនី ស្ថាបនិកអង្គភាពសារព័ត៌មាន Fresh News ជាសមាជិក
៦.លោក តែ ស៊ីវ៉ាន់ អនុប្រធានផ្នែក ប្រតិបត្តិការណ៍ TNAOT APP ជាសមាជិក
គួររំលឹកផងដែរថា នេះជា កម្មវិធដ៏ធំបំផុត ក្នុងវិស័យសារព័ត៌មាន ដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅប្រទេសកម្ពុជា ។ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារិទ្ធ បានផ្តួចផ្តើមគំនិត និង បានកំណត់កាលបរិច្ឆេទ នៃកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ចាប់ ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០ ដែលកម្មវីធីនេះគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ជាថ្ងៃប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកល។
កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់៣ធំៗគឺ៖
ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ ចក្ខុវិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា
ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណតម្លៃនៃទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា
ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។
អំពីគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភ
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។
Leave A Comment