ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥សម័យកាល» ជ្រើសរើសអ្នកសារព័ត៌មាន ទាំង១៤ រូប
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ២០១០ ត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល» ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ដែលការផ្តល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមគំនិតរៀបចំឡើងដោយក្រសួងព័ត៌មាន ដើម្បីជាការរំឭកដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក៏ដូចជាការជំរុញ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន។ ជ័យលាភីទាំង១៤រូបត្រូវបានជ្រើសរើសដោយគណៈកម្មការចំនួន ៧រូបដោយ ផ្អែកលើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមកទៅ តាមសម័យកាលនីមួយៗ។ នេះជាលើកទី ១ និងជាឆ្នាំដំបូង ដែលក្រសួងព័ត៌មានបានបង្កើតកម្មវិធីនេះឡើង ដោយក្នុងនោះគណៈកម្មការរៀបចំកម្មវិធី មានការជ្រើសរើសអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជើងចាស់ ដើម្បីសិក្សាអំពីប្រវត្តិ ស្នាដៃការងារ និងលក្ខណសម្បត្តិ ដាក់ជូនគណៈកម្មការវាយតម្លៃពិនិត្យ។ នេះជាការថ្លែងរបស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ [...]