ក្រសួងព័ត៌មានបានស្វែងរកបេក្ខជនចំនួន២រូប បានបំពេញការងារជាអ្នកសារព័ត៌មាននៅក្នុងឆ្នាំ១៩៧០ ដែលស្ថិតនៅក្នុងសម័យសង្គ្រាម ដែលពោរពេញទៅដោយគ្រោះថ្នាក់។ អ្នកកាសែតចំនួនពីររូបនេះ ត្រូវបានក្រសួងព័ត៌មានធ្វើការជ្រើសរើសជាបេក្ខជននៅក្នុងកម្មវិធីពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល ដែលត្រៀមរៀបចំប្រារព្ធពិធីនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ។
លោក ព្រហ្ម សាយ ចាងហ្វាងកាសែតអរិយធម៌ខ្មែរ ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានចាប់ផ្តើមប្រឡូកក្នុងអាជីពសារព័ត៌មានតាំងពីឆ្នាំ១៩៦៧។
នៅដំបូងនៃការចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាន លោកបានបម្រើការងារក្នុងអង្គភាពសារព័ត៌មាន សុជីវធម៌ របស់លោក នុត ឈឿម ពេលកំពុងរៀនត្រៀមប្រឡងបាក់ឌុប។ លោក ព្រហ្ម សាយបានផ្លាស់ប្តូរការងារជាបន្តបន្ទាប់រហូតដល់ ឆ្នាំ១៩៩៥ លោកបានក្លាយទៅជាចាងហ្វាងកាសែតចក្រវាល និងបន្តមកកាសែតអរិយធម៌ រហូតដល់បច្ចុប្បន្ន។
លោកមានប្រសាសន៍ថា៖« ពេលត្រៀមប្រឡងបាក់ឌុប ខ្ញុំបានជួប លោក នុត ឈឿម នៅអង្គតាសោម ខេត្តតាកែវ។ គាត់បានផ្តល់ឱកាសដល់ខ្ញុំឲ្យរៀនផងធ្វើការផង។ លោកក៏មានជំនក់ចិត្តប្រឡូកក្នុងអាជីពមួយនេះរហូតមក»។
ឆ្លងកាត់បទពិសោធន៍ប្រមាណជាង៥៨ឆ្នាំកន្លងមក លោក ព្រហ្ម សាយធ្លាប់មានអត្ថបទលេចធ្លោជាច្រើន ដែលមានទាំងរឿងស៊ើបអង្កេត រឿងនយោបាយ និងរឿងវិភាគបែបរិះគន់ ដែលមានចាប់ពី៣ទៅ៤ទំព័រ។ ស្នាដៃដែលលោកនៅចងចាំ ដែលធ្វើឱ្យមានការទាក់ទាញនឹងកក្រើកដល់មហាជន និងរាជរដ្ឋាភិបាលគឺមានដូចជា រឿងដែលមានចំណងជើងថា «ឯកឧត្តម ឌុករ៉ាស៊ី គឺជារឿងរបស់ឌុក រ៉ាស៊ី ឯរឿងរបស់រាជរដ្ឋាភិបាល ឡុង រ៉េត គឺជារឿងរបស់រាជរដ្ឋាភិបាលឡុង បូរ៉េត»។
លោកអះអាថា៖«នៅអំឡុងទសវត្សរ៍១៩៧០ រដ្ឋគឺមានអំណាចខ្លាំង ទើបមិនអាចមានអ្នកណាប៉ះពាល់បាន។ អ្នកនិពន្ធចាងហ្វាងកាសែតមួយចំនួនក្នុងសម័យនោះត្រូវបានចាប់ដាក់គុកដូចជា ហែម វ៉ាន់រិទ្ធ ចាងហ្វាងកាសែតភ្នំពេញ លោក ប៉ អាស្នារិទ្ធ ចាងហ្វាងកាសែតបដិវត្តជាដើម ដូច្នេះសម័យបើអង្គភាពនោះខ្លាំងជ្រុលគឺប្រឈមនឹងការចាប់ដាក់គុកពីរដ្ឋអំណាចជាមិនខាន»។
ដោយឡែកលោក ជេត សន ដែលជានិពន្ធនាយកកាសែតភ្នំពេញថ្មី និងជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជានាពេលបច្ចុប្បន្ននេះ មានអាយុ៦៣ឆ្នាំ ចាប់ផ្តើមប្រឡូកក្នុងអាជីពសារព័ត៌មានចាប់តាំងពីឆ្នាំ១៩៧៣។
លោកចាប់ផ្តើមអាជីពនេះ ក្រោមការជំរុញណែនាំពីឪពុកមា ដែលជាចាងហ្វាងកាសែតសង្គ្រោះជាតិ នាសម័យសាធារណរដ្ឋខ្មែរ។
លោកបានចាប់ផ្តើមធ្វើជាអ្នកដំបូងគឺនៅអង្គភាពកាសែតសង្គ្រោះជាតិ» ត្រូវបានអាជ្ញាធរបិទក្រោយដំណើរការ៣ខែ ក្រោយមកបន្តធ្វើការជាមួយឪពុកមាទៀតនៅ «សារព័ត៌មានសង្គ្រោះខ្មែរ»។
ប្រវត្តិនៃការផ្លាស់ប្តូរការងារក្នុងវិស័យសារព័ត៌មានគឺមិនខុសពីបេក្ខជនដទៃទៀតនោះទេ គឺលោកជេតសន
បានប្តូរការងារពីអង្គភាពមួយទៅអង្គភាពមួយទៀត។ រហូតមកដល់ឆ្នាំ២០១៣ លោកឈប់ទៅយកព័ត៌មានផ្ទាល់ដោយសារវ័យកាន់តែចាស់ ប៉ុន្តែការងារជានិពន្ធនាយកកាសែតភ្នំពេញថ្មី។ហើយបច្ចុប្បន្ននេះលោកក៏ជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជាផងដែរ។
លោក ជេត សន កាលពេលនៅរៀន លោកចូលចិត្តតាមដានរឿងរ៉ាវនយោបាយ និងចង់បង្ហាញឲ្យមហាជនដឹងពីអំពើពុករលួយ ការកៀបសង្កត់ ការកេងប្រវ័ញ្ចលើពលរដ្ឋពីសំណាក់ទាហាន លន់ នល់ ទើបលោកហ៊ានសរសេររិះគន់រដ្ឋាភិបាលក្នុងសម័យនោះ រហូតមានការគំរាមកំហែងពីបញ្ហាអសន្តិសុខផងដែរ។
លោកមានប្រសាសន៍ថា នាអំឡុងឆ្នាំ១៩៩៣ ប្រលោមលោកបែបរិះគន់រឿង «មន្តស្នេហ៍តាអ៊ំ រញ្ជួយព្រះរាជដំណាក់» ក្នុងទំព័រភាសាក្អែកខ្មៅ ទទួលបានការគាំទ្រច្រើន រហូតដល់មានការស្នើឲ្យបោះពុម្ពកាសែតបន្ថែមទៀត។ ជាប្រលោមលោកដែលនិយាយពីមនុស្សអសមត្ថភាព ប៉ុន្តែពូកែយកចិត្តថ្នាក់លើ ពូកែបកប្រែ និងជាន់ពន្លិចអ្នកដទៃដើម្បីខ្លួនឯង។ រឿង «អាមោកឡើងបុណ្យ» ក៏ទាក់ទាញការចាប់អារម្មណ៍ច្រើនផងដែរ»។
ត្បិតបេក្ខជនជើងចាស់ទាំងពីររូបខាងលើនេះ ធ្លាប់ហែលឆ្លងចូលប្រឡូងការងារនៅក្នុងសម័យលំបាកមានការគៀបសង្កត់ដោយអំណាចរដ្ឋនៅក្នុងឆ្នាំ១៩៧០យ៉ាងណាក៏ដោយ ប៉ុន្តែពួកគាត់ធ្លាប់បានទទួលការបណ្តុះបណ្តាល លើអាជីពសារព័ត៌មាន និងបានចែករំលែកចំណេះដឹងទាំងអស់នេះ ទៅកាន់អ្នកជំនាន់ក្រោយដូចគ្នាដែរ។ ពិសេសស្នាដៃលេចធ្លោក និងការធ្វើឱ្យកក្រើកនៅក្នុងសំណេរក្នុងជំនាន់នោះ គឺមានដូចគ្នាផងដែរ។
ដោយមើលឃើញពីការលំបាកនៅក្នុងអាជីពជាអ្នកនៅក្នុងអំឡុងពេល៧០យ៉ាងដូច្នេះ លោកព្រហ្ម សាយ និងលោក ជេត សន ចង់បានឱកាសធ្វើជាអ្នកកាសែតនៅជំនាន់នេះ។ ពួកគេអះអាងថា ដ្បិតប្រាក់ខែមិនសូវទទួលបានគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែជំនាន់នេះ គឺមានគ្រប់យ៉ាង ឧបករណ៍ប្រើប្រាស់ជឿនលឿនថែមទៀត ដូច្នេះជំនាន់នេះ មិនសូវមានការភ័យខ្លាច ដូចជំនាន់សម័យធ្វើសង្រ្គាមឡើយ។
សូមបញ្ជាក់ថា នេះជាកម្មវិធីដ៏ធំបំផុត ក្នុងវិស័យសារព័ត៌មានដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅប្រទេសកម្ពុជា។ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារិទ្ធ បានផ្តួចផ្តើមគំនិត និងបានកំណត់កាលបរិច្ឆេទ នៃកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០ ដែលកម្មវីធីនេះគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ជាថ្ងៃប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល។
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍លក្ខខណ្ឌនិង ផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លង មក។
ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុប ម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហ ការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ៕
ជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមគតិ
ផ្តល់ផ្ទះដែលសក្តិសមសម្រាប់ធ្វើការវិនិយោគបំផុតដល់អ្នក
សហការ ឧបត្ថម្ភដោយ
Leave A Comment