ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលគឺជាកម្មវិធីដំបូង នៅកម្ពុជា
ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខៀវ កញារីទ្ធ ផ្ទាល់គឺជំរុញឱ្យបង្កើតកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដោយគិតចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់២០១០ ដើម្បីចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។
កម្មវិធីនេះដែរនឹងមានការចូលរួមពីគ្រប់បណ្តាសារព័ត៌មានធំៗ នឹង ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់៣ធំៗគឺ៖
ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ ចក្ខុវិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា
ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណតម្លៃនៃទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា
ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។
ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាននាពេលកន្លងមកនេះ កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល បានចាប់ផ្តើមឡើងវិញបន្ទាប់ពី បានពន្យាពេលដំណើរការអស់រយៈពេល១ឆ្នាំកន្លងមកហើយ។
ក្រសួងព័ត៌មានបានសម្រេចជ្រើសរើសសមាសភាពគណៈកម្មាការចំនួន៧ នាក់ មកពីស្ថាបន័សារព័ត៌មានផ្សេងៗគ្នា ដើម្បីចងក្រងរៀបចំកម្មវិធីនេះឱ្យមានដំណើរការទៅមុខ តាមដំណាក់កាលនីមួយៗ។
មិនតែប៉ុណ្ណោះគណៈកម្មាការទាំង៧រូប មានតួនាទីក្នុងការមូលមតិឯកភាពគ្នាដើម្បីស្រាវជ្រាវរក បេក្ខជនដែលជាអ្នកសារព័ត៌មានសំខាន់ៗ ប្រកបដោយស្នាដៃ ប្រចាំទសវត្សរ៍ ១៩៧០ ១៩៨០ ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០ ដើម្បីលើកទឹកចិត្ត និង ប្រគល់ពានរង្វាន់ផងដែរ។លើសពីនេះទៅទៀតគណៈកម្មការទាំង៧រូបក៏មានតួនាទីពិភាក្សាស្វែងរកមតិស្ថាបនាស្តីអំពីកម្មវិធីពានរង្វាន់នេះ ជាពិសេសចូលរួមផ្សព្វផ្សាយអំពីកម្មវិធីឱ្យកាន់តែល្បីខ្ចរខ្ចាយ ដល់សាធារណជន និងក្រុមអ្នកសារព័ត៌មាន។
ជាលទ្ធផល មកដល់ពេលបច្ចុប្បន្ននេះ គណៈកម្មការទាំង៧រូប បានស្វែងរកឃើញនូវបេក្ខជន អ្នកសារព័ត៌មាននៅស្ថាបន័ផ្សេងគ្នា ដែលមានរហូត ១៤នាក់ ហើយ១៤នាក់នេះ ត្រូវបានចាត់ទុកជាអ្នកសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែងពាលីជីវិតទាំងកំលាំងកាយចិត្តក្នុងអាជីពជាអ្នកសារព័ត៌មាន នាសម័យកាលនីមួយៗ។
សូមបញ្ជាក់ផងដែរថា នេះគឺជាកម្មវិធីដំបូង ដែលក្រសួងព័ត៌មានបានរៀបចំធ្វើ សម្រាប់អ្នកសារព័ត៌មានកម្ពុជា។ តាមរយៈកម្មវិធីនេះ ភាគីពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានមានក្តីរំពឹងទុកខ្ពស់ដល់ការលើកកម្ពស់វិស័យសារព័ត៌នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពល្អប្រសើរជាងមុន៕
Leave A Comment