ស្រ្តីចំនួន២រូប ដែលស្ថិតនៅក្នុងវិស័យសារព័ត៌មានដូចគ្នា ប៉ុន្តែក្នុងសម័យកាលខុសគ្នា ត្រូវបាន​គណៈ​កម្មការ នៅក្នុងកម្មវិធីពាន​រង្វាន់លើកទឹកចិត្តអ្នក​សារ​ព័ត៌មាន​៥​សម័យកាល ជ្រើសរើសធ្វើជាបេក្ខ​ជន​ដែលត្រូវទទួលពានរង្វាន់កិត្តិយស។លោកជំទាវ ជា ស៊ុនដាណែត ដែលជានាយិកានៃវិទ្យុFM102 និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានផងនោះ បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ​ ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​សារព័ត៌មាន​ពី​ឆ្នាំ​១៩៨០។

នៅឆ្នាំ១៩៩៣ លោកជំទាវ ជា ស៊ុនដាណែត បានក្លាយជាផលិតករនៃវិទ្យុខ្មែរ-អ៊ុនតាក់ ដោយទទួល​បន្ទុក​​លើកការផលិតព័ត៌មានពាក់ព័ន្ធនឹងស្រ្តី ហើយបើនិយាយពីប្រវត្តិការងាររបស់លោកជំទាវវិញ គឺ​លោក​ជំទាវ​បានហែលឆ្លងនូវគ្រោះថ្នាក់ជាច្រើន ក្នុងការចុះបំពេញបេសកម្មដើម្បីរាយការណ៍ព័ត៌​មានជូន​មហាជន។

លោកជំទាវបានមានប្រសាសន៍ថា៖«គ្រាមួយនៅពេលដែលខ្ញុំចុះទៅយកព័ត៌មាននៅក្នុងព្រៃ ដែលពោរពេញ​ទៅ​ដោយគ្រោះថ្នាក់ ហើយខ្ញុំបានចុះទៅតំបន់ខ្មែរក្រហម ខ្ញុំវីស​នឹង​ជាន់គ្រាប់មីនដែលកប់នៅក្នុងដី»។

ដោយឡែកអ្នកកាសែតវ័យក្មេងម្នាក់ទៀត គឺអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយកសារព័ត៌មានថ្មីៗ២៥​ រាជធានី-ខេត្ត ដែលជាផ្នែកមួយរបស់សារព័ត៌មាន Thmey Thmey បានចាប់ផ្តើមប្រឡូក ក្នុងអាជីពជាអ្នកសារព័ត៌​មាននៅឆ្នាំ២០១៦។

កាលពីក្មេងអ្នកស្រីញឹក ស្រីល័ក្ខ ចូលចិត្តធ្វើកាយវិការត្រាប់តាមអ្នកសារព័ត៌មាន រហូតមកដល់ពេលនេះ អ្នកស្រី បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអង្គភាពរបស់ខ្លួនល្បីឈ្មោះ និងមានការចាប់អារម្មណ៍ខ្លាំង ពីមហាជនពាក់ព័ន្ធទៅនឹងការសួរសំណួរទៅកាន់នាយករដ្ឋមន្ត្រីនៅកម្ពុជា លើបញ្ហាកូវីដ-១៩ ក្នុងឆ្នាំ២០២០។

អ្នកបានបញ្ជាក់ថា៖« ត្បិតប្រាក់ខែជាផ្នែកសំខាន់មួយនៃការងារនេះ ប៉ុន្តែពេលយើងចុះទៅយកព័ត៌មាន គឺយើងអាចមានឱកាសទៅសិក្សានៅខាងក្រៅទៀត ដូច្នេះអ្វីដែលយើងទទួលបានគឺសំខាន់ជាងប្រាក់ខែទៅទៀតនោះគឺចំណេះដឹង។ ពិតណាស់យើងត្រូវការមានចំណូលសមរម្យ ប៉ុន្តែយើងគិតថាធ្វើការ​ងារ ដើម្បីតែប្រាក់ខែនោះ គឺយើងមិនអាចតស៊ូមកដល់ប៉ុណ្ណឹងទេ»។

សូមបញ្ជាក់ថា នេះជាកម្មវិធីដ៏ធំបំផុត​ ក្នុងវិស័យសារព័ត៌មានដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅប្រទេសកម្ពុជា។​ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារិទ្ធ​ បានផ្តួចផ្តើមគំនិត និង​បានកំណត់​កាលបរិច្ឆេទ នៃកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ចាប់​ពីទសវត្សរ៍ឆ្នាំ ១៩​៧០ ដល់​ឆ្នាំ២០១០​ ​ដែលកម្មវីធីនេះ​គ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ​ខាងមុខនេះ ជាថ្ងៃប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល។

គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០​២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍លក្ខខណ្ឌនិង ផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លង មក។

ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧប​ត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុប ម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអា​កាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហ ការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ៕

ជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមគតិ

ផ្តល់ផ្ទះដែលសក្តិសមសម្រាប់ធ្វើការវិនិយោគបំផុតដល់អ្នក

សហការ ឧបត្ថម្ភដោយ