មកស្គាល់ប្រធានគណៈកម្មាការពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល

ឯកឧត្តម ផុស សុវណ្ណ ត្រូវបានជ្រើសរើសជាប្រធាននៃគណកម្មការវាយតម្លៃស្តីពី “ពានរង្វាន់ លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០” ។

លោកធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅប្រទេសកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលអ្នកសារព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំ Media Center សម្រាប់ព្រឹត្តិការណ៍ ធំៗដូចជា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ CLV, CLMV, World Economic Forum , ASIA Media Summit និងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀត ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នលោកគឺជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។

លោកបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជាវិញ តាមរយៈចូលរួមជាសមាជិក ក្រុមការងាររៀបចំផែនទីបង្ហាញទិស សម្រាប់ ប្តូរប្រព័ន្ធទូរទស្សន៍អាណាឡូក ទៅឌីជីថល ជាសមាជិកគណៈកម្មការ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៤ (AMRI) ឆ្នាំ២០១៨ នៅប្រទេសសិង្ហបូរី និងបានចូលរួម ពិនិត្យផ្តល់យោបល់​​លើ​សេចក្តីប្រកាសរួមរបស់ AMRI ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតផងដែរ។

សូមបញ្ជាក់ផងដែរថា គណៈកម្មាការទាំង៧រូប នៅក្នុងកម្មវីធី “ ពានរង្វាន់ លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ”​ មិនមែនមានតែ ឯកឧត្តម ផុស សុវណ្ណ​ ជាប្រធានប៉ុណ្ណោះទេ ​តែក៏នៅមានគណកម្មការវាយតម្លៃ ​ចំនួន៦រូបផ្សេងទៀតផងដែរ ​ក្នុងនោះរួមមាន៖ ​

១. លោកជំទាវ ឆន ណាវី ទីប្រឹក្សាក្រសួង និងជាអគ្គនាយិការងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ​  ជាអនុប្រធាន

២.លោក គី សុខលីម​ ​​​​ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ ​​​      ជា​​អនុប្រធាន

៣.លោក លាង ដឺលុច ​​​នាយកប្រតិបត្តិក្លឹបអ្នកការសែតកម្ពុជា ​​​​​​     ​ជាសមាជិក

៤.លោក​ ​ព្រំ សិលា  និពន្ធនាយកសារព័ត៌មាន TNAOT​​ APP    ​ជាសមាជិក

៥.លោកងួន ច័ន្ទមុនី ​ ស្ថាបនិកអង្គភាពសារព័ត៌មាន ​Fresh​ News  ជាសមាជិក

៦.លោក តែ ស៊ីវ៉ាន់ ​អនុប្រធាន​ផ្នែក ប្រតិបត្តិការណ៍ TNAOT APP​ ​​ ជាសមាជិក

គួររំលឹកផងដែរថា នេះជា​ កម្មវិធដ៏ធំបំផុត​ ក្នុងវិស័យសារព័ត៌មាន ដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅប្រទេសកម្ពុជា ។​ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារិទ្ធ​ បានផ្តួចផ្តើមគំនិត និង​ បានកំណត់កាលបរិច្ឆេទ នៃកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ចាប់ ​ពីទសវត្សរ៍ឆ្នាំ ១៩​៧០ ដល់​ឆ្នាំ២០១០​ ​ដែលកម្មវីធីនេះ​គ្រោងប្រារព្ធធ្វើ      នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ​ខាងមុខនេះ ជាថ្ងៃប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកល។

កម្មវិធី​ពាន​រង្វាន់លើកទឹកចិត្តចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើង​ក្នុង​គោល​បំណងសំខាន់៣ធំៗគឺ៖

ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ ចក្ខុ​វិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា

ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណ​តម្លៃនៃ​ទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា

ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។